គ្រូបង្វឹកថ្មីរបស់ក្លឹប Juventus គឺលោក Andrea Pirlo នឹងក្លាយជាអ្នកចាត់ការដ៏ល្អមួយរូប លើសកម្រិតរបស់ Zinedine Zidane ថែមទៀត ។ នេះបើតាមការលើកឡើងរបស់អតីតកីឡាករជើងចាស់នៅសេះបង្កង់គឺលោក Alessandro Del Piero ។ Pirlo ដែលត្រូវបាន Juventus ប្រកាសចាត់តាំងជាអ្នកចាត់ការឈុត U23 កាលពីជាង ១០ ថ្ងៃមុន ក៏ស្រាប់តែទទួលបានដំណឹងភ្ញាក់ផ្អើលអោយឡើងមកបន្តតំណែងពីលោក Sarri ក្រោយដឹកនាំសេះបង្កង់ធ្លាក់ពី UCL ក្រោមថ្វីជើងរបស់ក្រុមបារាំង Lyon ។
ប្រាប់សារព័ត៌មាន Sky Sport លោក Del Piero និយាយថា៖ វាជាការប្រៀបធៀបមិនស្មើភាពមួយ ព្រោះ Zidane គេធ្លាប់ដឹកនាំថ្នាលយុវជនរបស់ Real Madrid ហើយក៏ធ្លាប់ជាជំនួយការរបស់ Carlo Ancelotti ថែមទៀត ប៉ុន្តែគ្រប់យ៉ាងរបស់ Pirlo ខ្ញុំជឿថាគេអាចធ្វើបានល្អជាង Zidane ។ លោកបន្តថា៖ ដោយសារ Pirlo គេដឹងច្បាស់ពីក្លឹប Juventus ពីកីឡាករ ពីថ្នាក់លើ បែបនេះខ្ញុំគិតថាពួកគេប្រាកដជាអាចមានទំនាក់ទំនងចុះសម្រុងគ្នាលឿនបំផុត និយាយដោយស្មោះត្រង់ទៅខ្ញុំមិនគិតថាគាត់អាចមកដល់ចំណុចនេះទេ ដំបូងឡើយគាត់បានឡើងមកកាន់តួនាទីនៅ U23 ហើយក៏រំលងមកដល់នេះ អញ្ចឹងមានតែពាក្យជូនពរសម្រាប់គាត់តែប៉ុណ្ណោះ ។
គួរបញ្ជាក់ថាការប្រកួតរបស់ Juventus នៅរដូវកាល ២០១៩/២០ គឺបញ្ចប់ទៅអស់ទាំងស្រុងហើយ បែបនេះការបង្ហាញសមត្ថភាពនៃការដឹកនាំប្រកួត គឺប្រហែលជាយើងបានឃើញនៅចុងខែសីហា ប្រសិនសេះបង្កង់មានប្រកួតមិត្តភាព ឬអាចដល់ខែក្រោយសម្រាប់រដូវកាលថ្មីតែម្តង ។
ប្រភព ៖ skysports








0 comments:
Post a Comment